Monday, June 15, 2020

វ៉ាក់សាំងសំខាន់ៗ ..........ដែលស្ត្រីជាម្តាយគួរចាក់ មានអ្វីខ្លះ ?

ដោយសារតែក្នុងកំឡុងពេលមានផ្ទៃពោះ មិនត្រឹមតែផ្តោតសំខាន់ក្នុងការមើលថែមាតានោះទេ...តែត្រូវប្រុងប្រយ័ត្ន និងមើលថែសុវត្ថិភាពក្នុងផ្ទៃផងដែរ ដូច្នេះហើយ “វ៉ាក់សាំង” ប្រៀបដូចជាការជំនួយបង្កើនប្រព័ន្ធអង់ទិគ័រ បង្ការគ្រោះថ្នាក់ដែលបណ្តាលមកពីការឆ្លងមេរោគ ។




វ៉ាក់សាំងសំខាន់ៗ ..........ដែលស្ត្រីជាម្តាយគួរចាក់ មានអ្វីខ្លះ ?

*​ វ៉ាក់សាំងបង្ការជំងឺតេតាណុស (Tetanus)  ដើម្បីឱ្យប្រព័ន្ធការពារដល់ទារកក្នុងផ្ទៃ និងមានផលល្អសម្រាប់ស្ត្រីជាម្តាយ ។ វ៉ាក់សាំងនេះសម្រាប់មនុស្សពេញវ័យណែនាំឱ្យចាក់រៀងរាល់ ដប់ឆ្នាំម្តង ប៉ុន្តែសម្រាប់ស្ត្រីដែលកំពុងមានផ្ទៃពោះខ្លះដែលមិនបានទទួលវ៉ាក់សាំងនេះ
អស់រយៈពេលជាយូរមកហើយត្រូវបានគ្រូពេទ្យណែនាំឱ្យចាក់វ៉ាក់សាំង
នេះដើម្បីបង្ការស្នាមរបួសផ្សេងៗ ពីព្រោះថាការសម្រាលកូនបើទោះបី
ជាសម្រាលដោយវះកាត់ ឬសម្រាលបែបធម្មជាតិ ពិតណាស់តែងមាន
ស្នាមរបួស ។ សម្រាប់វ៉ាក់សាំងនេះ
គ្រូពេទ្យនឹងចាក់ឱ្យស្ត្រីជាម្តាយដែលមានផ្ទៃពោះ ២ ម្ជុល ហើយអង់ទិគ័រនឹងធ្លាក់ដល់ទារកក្នុងផ្ទៃ ដោយចាក់ម្ជុលទីមួយក្នុងខែទី ១ និងម្ជុលទី ២ ក្នុងខែទី ៦ ប៉ុន្តែក្នុងករណីចាក់ឱ្យគ្រប់ ៣ ម្ជុល អាចបង្ការសម្រាប់ស្ត្រីជាម្តាយផងដែរ ហើយដូសទី ៣ ត្រូវចាក់ក្រោយពេលសម្រាលកូនរួច ។

* វ៉ាក់សាំងបង្ការជំងឺខាន់ស្លាក់ ក្អកមាន់ តេតាណុស ដោយចាក់តាំងតែអាយុគភ៌ ២៧-៣៦ សប្តាហ៍ ជួយបង្ការការពារស្ត្រីជាម្តាយ ដោយសារតែនៅក្នុងត្រីមាសទី ២ ប្រព័ន្ធការពារការឆ្លងមេរោគចុះខ្សោយ ធ្វើឱ្យងាយឈឺនិងងាយឆ្លងមេរោគ ហើយប្រសិនបើស្ត្រីជាម្តាយឈឺ ឬឆ្លងមេរោគនោះ អាចបណ្តាលឱ្យកូនសម្រាលមុនកំណត់បាន ។ វ៉ាក់សាំងនេះជាប្រភេទវ៉ាក់សាំង ៣ ប្រភេទ ដែលចាក់ព្រមគ្នាក្នុង ១ ដូស ហើយអាចបង្ការជំងឺតេតាណុស បង្ការការឆ្លងមេរោគក្នុងកំឡុងពេល
មានផ្ទៃពោះ និងពេលសម្រាលកូន ។

* វ៉ាក់សាំងបង្ការជំងឺផ្តាសាយធំ  គ្រុនផ្តាសាយធំធ្វើឱ្យមានគ្រោះថ្នាក់ដល់អ្នកដែលមានផ្ទៃពោះច្រើនជាង​មនុស្សធម្មតា ប្រសិនបើកើតហើយធ្វើឱ្យមានជំងឺជ្រៀងជ្រែកច្រើនយ៉ាង ។ ភាគច្រើនត្រូវចាក់វ៉ាក់សាំងបង្ការផ្តាសាយធំ ១ ឆ្នាំម្តង សម្រាប់ស្ត្រីមានផ្ទៃពោះទទួលការចាក់វ៉ាក់សាំងក្នុងត្រីមាសទី ៣
ក្រោយ ២៨ សប្តាហ៍ ។

ប៉ុន្តែ...នៅមាន “វ៉ាក់សាំងដែលហាមចាក់ក្នុងកំឡុងពេលមានផ្ទៃពោះ” 

វ៉ាក់សាំងដែលមិនគួរចាក់ក្នុងកំឡុងពេលមានផ្ទៃពោះមានដូចជា វ៉ាក់សាំងបង្ការជំងឺអុចស្វាយ(Varicella) រើម (Zoster) និងវ៉ាក់សាំង
ក្រឡទែន កញ្ច្រឹល  ពីព្រោះថាវាអាចបង្កឱ្យកូនក្នុងផ្ទៃពិកាអវយវៈផ្សេងៗ
ដូចជា ត្រចៀក ភ្នែក បេះដូង ដៃ ជើង និងខួរក្បាល ដូច្នេះហើយ ប្រសិនបើមានគម្រោងនឹងមានកូន គួរចាក់វ៉ាក់សាំងប្រភេទនេះមុនពេលមានផ្ទៃពោះ ។ ប្រសិនបើត្រូវការចាក់វ៉ាក់សាំងកញ្ច្រឹល (Rubella vaccine) នោះគួរចាក់មុនពេលមានផ្ទៃពោះច្រើនជាង ១ ខែឡើងទៅ ឬចាក់ក្រោយពេលសម្រាលកូនភ្លាមៗ ១ ដូស ហើយចាក់ដូសទី ២ ឃ្លាតពីដូសទីមួយមួយខែ ជាដើម ។

អរគុណមន្ទីរពេទ្យផ្យាថៃ ២

Thursday, June 4, 2020

មើលថែកូនយ៉ាងណា......ដើម្បីបង្ការកុំកូនឈឺក្នុងរដូវភ្លៀង





មើលថែកូនយ៉ាងណា......ដើម្បីបង្ការកុំកូនឈឺក្នុងរដូវភ្លៀង
រដូវភ្លៀងចូលមកដល់ អាកាសធាតុចាប់ផ្តើមប្រែប្រួល និងកាន់តែត្រជាក់មានសំណើម ។ អាកាសធាតុបែបនេះ កាន់តែធ្វើឱ្យមេរោគរីកលួតលាស់បានល្អ និងងាយឆ្លង ឳពុកម្តាយគួរប្រុងប្រយ័ត្នជាពិសេស ពីព្រោះថាមូលហេតុសំខាន់ដែលងាយឆ្លងគឺការប៉ះពាល់ផ្ទាល់
ជាមួយនឹងមេរោគ ដូចជាការប៉ះពាល់ជាមួយនឹងអ្នកជំងឺ
ឆ្លងតាមផ្លូវដង្ហើម និងមាត់ជាដើម ។ ដូច្នេះហើយអ្វីដែលសំខាន់នោះគឺសុខអនាម័យ ដែលជាវិធីសាស្រ្តបង្កាដែលល្អបំផុត ។
វិធីអនុវត្ត ៥ យ៉ាងគ្របដណ្តប់ទាំង ៥ ជំងឺដែលតែងមកក្នុងរដូវភ្លៀង
១. លាងដៃរាល់លើក មុននិងក្រោយការប្រើបន្ទប់ទឹក និងមុនញ៉ាំអាហារ ។
២. ជៀសវៀងការនាំកូនតូចៗទៅកន្លេងដែលមានមនុស្សច្រើន អ៊ួអរ បើជៀសវាងមិនបានគួរឱ្យពាក់ម៉ាស ។
៣. គួរចាក់វ៉ាក់សាំងឱ្យគ្រប់ និងចាក់វ៉ាក់សាំងបន្ថែមការណែនាំរបស់គ្រូពេទ្យ និងគួរសង្កេតរោគសញ្ញាពេលឈឺ បើមានអ្វីខុសប្រក្រតីគួរប្រញាប់ទៅពិគ្រោះជាមួយពេទ្យ ។
៤.ទទួលទានអាហារឱ្យបានគ្រប់គ្រាន់ និងប្រកបដោយសុខអនាម័យ ព្រមទាំងហាត់ប្រាណតាមការគួរ ។
៥. រៀបចំបរិស្ថានជុំវិញខ្លួន ទាំងក្នុងផ្ទះនិងក្រៅផ្ទះឱ្យមានសោភណភាពល្អ និងខ្យល់អាកាសល្អ ។
៥ រោគឆ្លងដែលតែងមានក្នុងរដូវភ្លៀង
១. ជំងឺគ្រុនផ្តាសាយធំ  បណ្តាលមកពីវីរុសផ្តាសាយធំ ភាគច្រើន
ជួបប្រទះមាន ៣ ប្រភេទ គឺ
A B C ប្រសិនបើឆ្លងហើយតែងមានរោគសញ្ញាក្តៅខ្លួន ក្អក
ហៀរសំបោ ឈឺក្បាល ឈឺតាមដងខ្លួន ឆេវឆាវ មិនសូវញ៉ាំបាយ ។ បើសិនបើទារកទើបកើតគ្រូពេទ្យណែនាំឱ្យទៅ
សង្កេតរោគសញ្ញានៅមន្ទីរពេទ្យ ។
វិធីបង្ការដោយការចាក់វ៉ាក់សាំង អាចចាប់ផ្តើមចាក់តាំង
ពីអាយុ ៦ ខែឡើងទៅ សម្រាបើទារកដែលមានអាយុក្រោម ៦ ខែ ណែនាំឱ្យចាក់វ៉ាក់សាំងដល់អ្នកចិញ្ចឹមមើលថែ ឬអាណាព្យាបាល ។ ចំពោះកុមារដែលមានអាយុក្រោម ៩ ឆ្នាំ (៦ ខែ-៩ ឆ្នាំ) ឆ្នាំដំបូង
ណែនាំឱ្យចាក់ ២  ដង ឃ្លាតពីគ្នា ១ ខែ ដើម្បីជំរុញប្រព័ន្ធភាពសាំ
ឱ្យពេញទំហឹង និងកុមារដែលមានអាយុ ៩ ឆ្នាំឡើងទៅ ចាក់ ១ ដង់
ក្នុងឆ្នាំដំបូង ឆ្នាំបន្ទាប់ទៅ គួរចាក់មួយឆ្នាំម្តង ។
២. ជំងឺរាករុស បណ្តាលមកពីវីរុស និងបាត់តេរី ជួបប្រទះភាគច្រើនកុមារដែលមានអាយុក្រោម ៥ ឆ្នាំ ។​ ហើយរោគសញ្ញាជាបឋមមានដូចជា រាកច្រើនជាង ៣ ដងក្នុងមួយថ្ងៃ ។ ហើយពេលកុមារមានរោគសញ្ញារាគរុស ឬក្អួត កុមារនឹងមាន
ការខ្វះជាតិទឹក ដូច្នេះហើយ ឳពុកម្តាយគួរសង្កេតរោគសញ្ញា ហើយប្រញាប់នាំកូនទៅពេទ្យ ។
        នៅបច្ចុប្បន្នជំងឺរាករុសដែលបណ្តាលមកពីវីរុសរ៉ូតា មានវ៉ាក់សាំង
ការពារ ដែលប្រភេទបន្តក់ប្រើបានចំពោះតែទារកតែប៉ុណ្ណោះ បានទទួលស្គាល់ពីគណៈកម្មការអាហារនិងថ្នាំរួចហើយថាមានប្រសិទ្ធភាព
បង្ការ កាត់បន្ថយភាពខ្លាំងខ្លារបស់ជំងឺ និងមានសុវត្ថិភាពខ្ពស់ ដោយចាប់ផ្តើមបន្តក់នៅក្នុងទារកដែលមានអាយុលើសពី ៦ សប្តាហ៍
ឡើងទៅ និងបន្តក់ពេលក្រោយ ឃ្លាតពីគ្នា ៤ សប្តាហ៍ដោយបន្តក់
តាមមាត់ ២ ទៅ ៣ ដង អាស្រ័យលើប្រភេទវ៉ាក់សាំង ។ ចំពោះកុមារដែលធំហើយ គួរផ្តោតទៅលើការសុខអនាម័យផ្ទាល់ខ្លួន ។
៣. ជំងឺពងបែកជើង ដៃ មាត់ បណ្តាលមកពីវីរុស ច្រើនតែជួបប្រទះចំពោះកុមារដែលមានអាយុតិចជាង ៥ ឆ្នាំ ហើយជំងឺនេះងាយឆ្លង មានទាំងឆ្លងតាមទឹកមាត់ ឬឆ្លងតាមរបួសក្នុងមាត់ ពេលញ៉ាំអាហារដែលមានវីរុស ពេលឆ្លងជំងឺនេះកុមារតែងមានគ្រុនក្តៅខ្លួន និងមានពងបែកថ្លាៗនៅតាមដៃ ជើង មាត់ អណ្តាត អញ្ចាញ មានការឈឺចាប់រួមផងដែរ ហើយច្រើនតែបាត់ទៅវិញក្នុងកំឡុងពេល​៥-៧ ថ្ងៃ ហើយជំងឺដែលជ្រៀតជ្រែកជួបប្រទះជាញឹកញាប់មានដូចជា រលាកស្រោមខួរ ឬបញ្ហាសាច់ដុំបេះដូង ដូច្នេះហើយពេលកុមារមានរោគសញ្ញាទាំងនេះ គួរប្រញាប់នាំទៅជួបគ្រូពេទ្យ ហើយបើពេទ្យវិនិច្ឆ័យថាកើតរោគនេះមែនគួរឱ្យផ្អាកទៅសាលា រហូតដល់ជំងឺជាសះស្បើយ ។
៤. ជំងឺគ្រុនឈាម ជាជំងឺដែលឆ្លងតាមវីរុស មានទាំងអស់ ៤ ប្រភេទ ភ្នាក់ងារចម្លងគឺមួសខ្លា ពេលកុមារឆ្លងមេរោគនេះតែងមានគ្រុនក្តៅខ្លាំង
ឈឺក្បាល ឈឺសាច់ដុំតាមដងខ្លួន ឈឺឆ្អឹង និងអាចមានចំណុចចេញឈាមតាមស្បែកផងដែរ ។
វិធីបង្ការដែលល្អបំផុតគឺ កុំឱ្យមួសខាំ បំបាត់សំបុកចម្លងរោគ  បច្ចុប្បន្នមានវ៉ាក់សាំងបង្ការជំងឺគ្រុនឈាម ដែលអាចចាក់បានសម្រាប់កុមារតាំងតែអាយុ ៩ ឆ្នាំ រហូតមនុស្ស
ពេញវ័យអាយុ ៤៥ ឆ្នាំ ។ ប្រសិនបើ ត្រូវការចាក់វ៉ាក់សាំង
ត្រូវពិគ្រោះជាមួយពេទ្យជាមុនសិន ។
៥. ជំងឺរលាកស្រោមខួរក្បាល ជាជំងឺដែលបណ្តាលមកពីបាក់តេរី ពេលកុមារឆ្លងមេរោគតែងមានគ្រុនក្តៅខ្លាំង ប្រកាច់ ដៃជើងទន់ ឳពុកម្តាយត្រូវសង្កេតរោគសញ្ញាឱ្យបានដិតដល់ ហើយគួរប្រញាប់
នាំទៅជួបពេទ្យ ។
        បាក់តេរីនេះឆ្លងតាមផ្លូវដង្ហើម ដូច្នេះហើយគួរជៀងវាងកន្លែងដែលមានមនុស្សច្រើន អ៊ួអរ ឬប្រសិនបើចាំបាច់ត្រូវទៅកន្លែងដែលមានមនុស្សច្រើនគួរពាក់ម៉ាស ។ ជំងឺនេះមានវ៉ាក់សាំងបន្ថែមប្រព័ន្ធភាពស៊ាំ ដោយចាក់នៅទារកដែល
មានអាយុ ២ ៤ និង ៦​ ខែ និងចាក់ម្តងទៀតនៅអាយុ ១២-១៥ ខែ ។ ប្រសិនបើចាប់ផ្តើមចាក់នៅកុមារដែលមានអាយុ ៧-១១ ខែ ត្រូវចាក់ពីរដងដោយឃ្លាតពីគ្នាពីរខែ និងចាក់ម្តងទៀតនៅអាយុ
១២-១៥ ខែ ។ ចំណែកឯកុមារដែលមានអាយុ ១-៥ ឆ្នាំ ដែលនៅមិនទាន់ចាក់វ៉ាក់សាំងនេះ ឱ្យចាក់តែមួយដង លើកលែងតែកុមារដែលមានប្រព័ន្ធការពារទាប ឬមានហានិភ័យខ្ពស់សម្រាប់ជំងឺរលាកស្រោមខួរ
ដោយត្រូវឱ្យចាក់ ពីរដងឃ្លាតពីគ្នាពីរខែ ។

សូមអរគុណមន្ទីរពេទ្យផ្យាថៃ ២


Wednesday, May 20, 2020

៥ រឿងគ្រោះថ្នាក់ដែលអាចកើតឡើងបានក្នុងរដូវភ្លៀង

៥ រឿងគ្រោះថ្នាក់ដែលអាចកើតឡើងបានក្នុងរដូវភ្លៀង
រដូវភ្លៀងបានចូលមកដល់ហើយ ធ្វើឱ្យអាកាសធាតុប្រែប្រួលញឹកញាប់ អាចបង្កផលប៉ះពាល់ដល់សុខភាពផ្លូវកាយ និងបង្ក គ្រោះថ្នាក់ដោយសារកត្តាជាច្រើន ហើយគ្រោះថ្នាក់ទាំងនោះយើងមិនគួរធ្វេសប្រហែស គួរប្រុងប្រយ័ត្ន គ្រោះថ្នាក់ទាំងនោះមានដូចជា ៖


១. គ្រោះថ្នាក់ដោយសារជំងឺឆ្លង
អ្វីដែលយើងគួរប្រុងប្រយ័ត្នជាដំបូងក្នុងកំឡុងពេលរដូវភ្លៀងនោះគឺ “ជំងឺឆ្លង” ដោយសារតែបម្រែបម្រួលអាកាសធាតុធ្វើឱ្យមានសភាពសើមក្នុងរដូវភ្លៀង ជាឱកាសធ្វើឱ្យយើងងាយឆ្លងមេរោគ ដោយសារតែរាងកាយយើងចុះខ្សោយ ហើយជំងឺដែលយើងជួបប្រទះជាញឹកញាប់ក្នុងរដូវភ្លៀងនោះគឺ ផ្តាសាយធំ រលាកផ្លូវដង្ហើម ។ វិធីបង្ការជំងឺទាំងនេះយើងអាចធ្វើបានដោយវិធីងាយៗ ដោយគ្រាន់តែព្យាយាមធ្វើឱ្យរាងកាយកក់ក្តៅ និងស្ថិតនៅក្នុងកន្លែងដែលមានអាកាសចេញចូលបានល្អ និងមិនគួរនៅជិតដែលមានជំងឺទាំងនេះ ព្រោះជំងឺនេះងាយនឹងឆ្លងបានតាមរយៈការក្អក និងកណ្តាស់ ។ ហើយជំងឺមួយទៀតដែលងាយឆ្លងផងដែរគឺរោគតាមផ្លូវអាហារ ដោយការទទួលទានអាហារដែលមានលាយឡំនឹងមេរោគ ដែលបណ្តាលឱ្យមានការរាករុសភ្លាមៗ ការពុលអាហារ ឈឺពោះខ្លាំង រាក និងមានគ្រុនក្តៅ ដូច្នេះនៅក្នុងរដូវភ្លៀងគួរទទួលទានអាហារដែលមានអនាម័យ ឆ្អិនល្អ ។

២. គ្រោះថ្នាក់កើតចេញពីឧបទ្ទវហេតុចរាចរ
“រដូវភ្លៀង” គឺជាពេលដែលងាយកើតឧបទ្ទវហេតុ ដោយសារតែពេលភ្លៀងធ្កាក់ផ្លូវរអិល ប្រសិនបើអ្នកបើកបរខ្វះការ
ប្រុងប្រយ័ត្ន ក៏កើតគ្រោះថ្នាក់ ដល់ខ្លួនឯង និងអ្នកដទៃបានដោយងាយ ។ អ្វីដែលសំខាន់បំផុតនោះគឺ “ការបើកបរដោយប្រុងប្រយ័ត្ន”
មិនធ្វេសប្រហែស ម្យ៉ាងទៀតគួរឆៀកសភាពរថយន្ត
ឱ្យបានទៀងទាត់ កង់ រថយន្ត ភ្លើង​ ឬហ្វ្រាំងត្រូវមាន
សភាពល្អជានិច្ច ។ ប្រសិនបើអ្នកបើបរគ្រប់គ្នាអនុវត្តិ
បានខ្ជាប់ខ្ជួននោះ ឧបទ្ទវហេតុក៏នឹងថយចុះយ៉ាងពិតប្រាកដ ។

៣. គ្រោះថ្នាក់ដោយសារភ្លើងឆក់
គ្រោះថ្នាក់ម្យ៉ាងទៀតគឺបណ្តាលមកពីភ្លើងឆក់ កើតឡើងដោយសារភ្លើងអគ្គិសនីខូច ឬជួនកាលយើងត្រូវភ្លៀងទទឹកហើយមកបើកកុងតាក់ជាដើម ។ ហេតុការណ៍បែបនេះយើងអាចបង្កាបាន ដោយគ្រាន់តែយើង
ប្រុងប្រយ័ត្នបន្ថែម ត្រួតពិនិត្យសភាពកុងតាក់ ឧបករណ៍ប្រើប្រាស់ដែលទាក់ទងនឹងអគ្គិសនី ជាដើម ។
៤. គ្រោះថ្នាក់ដែលកើតឡើងដោយសត្វសាហាវ
សត្វកាចមានពិស ច្រើនតែលាក់ខ្លួនទីងងឹង កំបាំង
ឬកន្លែងត្រជាក់សើម សត្វពិសដូចជា ពស់ ជាដើម
តែងមកជាមួយរដូវភ្លៀង ។ ដូច្នេះហើយដើម្បីបង្ការហេតុការណ៍
ដែលយើងមិនអាចស្មានដល់នោះគឺពេលដើរកាត់កន្លែង
ដែលមានដុះស្មៅខ្ពស់ ឬទីកន្លែងកំបាំងជាដើមនោះ
គួរមានអ្វីការពារខ្លួន ដូចជាពាក់ស្បែកជើងខ្លុបជាដើម ។
ជាពិសេសពស់មានពិស បើវាចឹកហើយនោះ អាចមានគ្រោះថ្នាក់ដល់អាយុជីវិតបាន យើងគួរស្វែងយល់
ពីវិធីសង្គ្រោះបឋម ដូចជា សំអាតកន្លែងពស់ចឹក ច្របាច់ឈាមត្រង់បរិវេណពស់ចឹកចេញ ហាមយក
មាត់បឹងឈាមចេញ និងមិនគួរញ៉ាំថ្នាំដែលមានផ្សំ
ជាមួយអាស្ពីរីន​ ដោយសារតែអាស្ពីរីនជំរុញឱ្យពិស
កាន់តែខ្លាំងឡើង ហើយមិនគួរចងខ្សែឬរឹតត្រង់បរិវេណ
ពស់ខាំខ្លាំងពេកទេ ព្រោះអាចធ្វើឱ្យឈាមទៅចិញ្ចឹម
ចុងដៃចុងជើងមិនគ្រប់គ្រាន់ ហើយគួរប្រញាប់
បញ្ជួនទៅពេទ្យភ្លាមៗ ។
៥. គ្រោះថ្នាក់ពីរន្ទះបាញ់
ខ្យល់ព្យុះ ភ្លើងខ្លាំង មានជាញឹកញាប់ ហើយច្រើនតែ
មានរន្ទះបាញ់ រឿយៗ ផងដែរ ជាគ្រោះថ្នាក់ដែលអាចកើតឡើងដល់មនុស្សគ្រប់វ័យ
ជាពិសេស ពេលដែលស្ថិតនៅកន្លែងដែលស្រឡះ ។ បើសិនជាយើងនៅក្នុងទីស្រឡះ ពេលភ្លៀងមកគួររកកន្លែងជ្រកដែលជាអគារធំរឹងមាំ មិនគួរឈប់ជ្រកនៅក្រោមដើមឈើនោះឡើយ ​
ប្រសិនបើយើងនៅកន្លែងស្រឡះ មិនមានអគារអ្វីដែលអាចជ្រកបានគួរអង្គុយទាបៗ
ឱ្យខ្លួនយើងនៅទាបបំផុត គួរដោះគ្រឿងអលង្ការផ្សេងៗ ដែលបង្កឱ្យកើតរន្ទះបាញ់ដូចជា គ្រឿងប្រាក់
មិនគួរប្រើទូរស័ព្ទ ក្នុងពេលមានព្យុះភ្លៀង ជាដើម ។
បំរាមទាំងនេះជានឹងជួយឱ្យយើងមានសុវត្ថិភាព
បានប្រសិនបើយើងអនុវត្តិបានល្អ ជៀសវាងអន្តរាយដែលតែងមានក្នុងរដូវភ្លៀងនេះ ។

អរគុណមន្ទីរពេទ្យផ្យាថៃ ២

Tuesday, May 19, 2020

5 យ៉ាងគួរស្វែងយល់មុននឹងញ៉ាំទុរេន




រដូវទុរេនមកដល់ហើយ មានមនុស្សជាច្រើនចូលចិត្តទទួលទានណាស់ តែមុននឹងញ៉ាំផ្លែធុរេននោះ សូមមកអាន “ ៥ យ៉ាងគួរយល់ដឹងមុនញ៉ាំទុរេន”
ដូចខាងក្រោម ៖


១. ទុរេន ជាអាហារដែលមានកាល់ឡូរីខ្ពស់ ព្រោះសាច់វា៤-៦គ្រាប់ ផ្តល់កាល់ឡូរីដល់ទៅ ៤០០ កាល់ឡូរី ។ ដូចនេះហើយសូមកុំចេះតែញ៉ាំបើមិនដូច្នោះទេ ច្បាស់ណាស់ឡើងគីឡូ ។ 

២. ទុរេនមានកម្រិតជាតិស្កខ្ពស់ ដូច្នេះហើយសម្រាប់អ្នកដែលមានបញ្ហាទឹកនោមផ្អែមគួរជៀសវាង ។ 

៣. ក្រៅពីអ្នកដែលមានបញ្ហាទឹកនោមផ្អែមហើយនោះ សម្រាប់អ្នកដែលមានបញ្ហាសម្ពាធឈាមខ្ពស់ រោគបេះដូង ខ្លាញ់ក្នុងឈាម និងអ្នកដែលមានបញ្ហាតម្រងនោម ក៏ពុំគួរញ៉ាំធុរេនច្រើននោះដែរ ។ 

៤. ទុរេន ជាផ្លែឈើម្យ៉ាងដែលធ្វើឱ្យក្តៅ ដូច្នេះមិនគួរញ៉ាំជាមួយស្រា ឬបៀរ៍ ឬគ្រឿងស្រវឹងផ្សេងៗ នោះឡើយ ព្រោះវាអាចបណ្តាយឱ្យមានគ្រោះថ្នាក់ដល់រាងកាយបាន ។


៥. ទុរេនផ្តល់នូវថាមពលខ្ពស់ ដូច្នេះហើយពេលណាយើងញ៉ាំ
ទុរេនគួរជៀសវាងអាហារដែលផ្តល់ថាមពលខ្ពស់ដូចគ្នាដែរ ។ មិនតែប៉ុណ្ណោះគួរហាត់ប្រាណបន្ថែមផងដែរ ដើម្បីរក្សាសុខភាពរបស់លោកអ្នកឱ្យបានល្អ ។ 

សរុបមកយើងមិនបានហាមមិនឱ្យញ៉ាំធុរេននោះទេ ក៏ប៉ុន្តែគួរដឹងថាយើងញ៉ាំទៅច្រើនប៉ុណ្ណាហើយ ហាសហា ហើយកុំភ្លេចហាត់ប្រាណផង ។ 

អរគុណមន្ទីរពេទ្យផ្យាថៃ ២