Showing posts with label បាតភ្នែក. Show all posts
Showing posts with label បាតភ្នែក. Show all posts

Wednesday, February 26, 2020

ជំងឺរបើកបាតភ្នែក (RETINAL DETACHMENT)

ជំងឺរបើកបាតភ្នែក  (RETINAL DETACHMENT)

បាតភ្នែកជាស្រទាប់កោសិកាដែលមានលក្ខណៈស្តើងថ្លា ប្រកបដោយសរសៃប្រសាទនិងកោសិកា
ដែលមានលក្ខណៈប្រែប្រួលរហ័សទៅនឹងពន្លឺ ហ៊ុំព័ទ្ធជុំវិញជញ្ជាំងផ្នែកខាងក្រោយនៃកែវភ្នែក ។ បាតភ្នែកប្រៀបដូចទៅនឹងហ្វីលថតរូបអញ្ចឹងដែរ នៅពេលដែលពន្លឺចូលមកតាមភ្នែកហើយផ្តោត
ទៅបាតភ្នែក កោសិកាដែលងាយប្រែប្រួលទៅនឹងពន្លឺមានតួនាទីក្នុងការទទួលរូបភាពហើយ
បញ្ជួនតទៅកាន់ខួរក្បាលតាមរយៈសរសៃប្រសាទ ។ នៅពេលដែលបាតភ្នែករហែកខាតឬដាច់រលាត់
ចេញពីជញ្ជាំងខាងក្រោយនៃភ្នែក កោសិកាទទួលពន្លឺចាប់ផ្តើមខ្សោយសមត្ថភាពរហូតមិនអាច
បញ្ជួនរូបភាពទៅកាន់ខួរក្បាលបាន ។ ដូច្នេះហើយភ្នែកចាប់ផ្តើមមានបញ្ហាក្នុងការទទួលរូបភាព ប្រសិនបើមិនបានទទួលការព្យាបាលជាបន្ទាន់ ភ្នែកចាប់ផ្តើមបាត់បង់គំហើញបន្តិចម្តងៗ រហូតដល់ពិការភ្នែកនៅទីបំផុត ។
            
                ជំងឺរបើកបាតភ្នែក មានឱកាសកើតប្រហែលជា ១ ក្នុងចំណោមប្រជាជន ១០,០០០ នាក់ ក្នុងមួយឆ្នាំ ទោះបីជាជួបប្រទះតិចតួចប៉ុន្តែវាជាបញ្ហាធ្ងន់ធ្ងរមួយចំពោះភ្នែក ហើយវាអាចកើតឡើងចំពោះមនុស្សគ្រប់រូបគ្រប់វ័យ ជាពិសេសវ័យកណ្តាលនិងវ័យចំណាស់ដែលមានភ្នែកម៉្ញូបខ្លាំង ឬមានប្រវត្តិក្រុមគ្រួសារកើតជំងឺ
នេះពីមុនមក ។ មូលហេតុផ្សេងទៀតដែលអាចមានគឺ ភ្នែកប៉ះទង្គិចអ្វីមួយយ៉ាងខ្លាំងនិងកត្តាតំណពួជ ។ 

មូលហេតុដែលកើតជំងឺរបើកបាតភ្នែក
 
          របើកបាតភ្នែកច្រើនតែកើតឡើងដោយសារការខ្សោយនៃសារធាតុចាហួយបាតភ្នែក ជាទូទៅនៅក្នុងភ្នែកយើងពោរពេញទៅដោយចាហួយថ្លាៗដែលគេហៅថា “ទឹកចាហួយភ្នែក” ។ នៅពេលដែលចាហួយភ្នែកខ្សោយវាមានការបំបែកខ្លួន បង្កឱ្យមានផលវិបាកទៅនឹងបាតភ្នែក
ដាច់រលាត់ ។ជំងឺរបើកបាតភ្នែកដែលកើតចេញពីមូលហេតុខាងលើបែងចែកចេញជា
ពីរប្រភេទដូចខាងក្រោម៖


១. របើកបាតភ្នែកដោយមានប្រហោង 

                ជាទូទៅចាហួយភ្នែកស្អិតជាប់ណែនទៅនឹងបាតភ្នែកដែលស្ថិតនៅខាងក្រោយកែវភ្នែក ។ ធម្មជាតិរបស់មនុស្សគឺនៅពេលមានអាយុកាន់តែច្រើនឡើងចាហួយភ្នែកចាប់ផ្តើមខ្សោយ
ហើយរួមតូច ជួនកាលទាញ់ស្រទាប់សាច់បាតភ្នែកមួយចំនួនឱ្យរលាត់តាមទៅដែរ បណ្តាលឱ្យមានប្រហោងនៅតាមបាតភ្នែក ។ ទោះជាចាហួយភ្នែកខ្សោយនិងរួមតូចទៅតាមធម្មជាតិ
នៅពេលមនុស្សមានអាយុកាន់តែច្រើនឡើងក៏ដោយប៉ុន្តែក៏មានមនុស្សចំនួនតិចតួចទេដែលមាន
ផលវិបាកទៅលើបាតភ្នែក ។ ចំណែកឯមូលហេតុផ្សេងទៀត គឺភ្នែកម៉្ញូបខ្លាំង ការរលាកខាងក្នុង
កែវភ្នែក ភ្នែកប៉ះទង្គិចខ្លាំង ជាពិសេសក្នុងករណីដែលមានឈាមចេញនៅចាហួយភ្នែក ។


២. របើកបាតភ្នែកដោយមានការរហែកឬរលាត់

                របើកបាតភ្នែកកើតចេញពីការដែលមានប្រហោងដាច់ឬធ្លុះ បណ្តាលឱ្យចាហួយភ្នែកតាមស្នាមដាច់រហែកឬប្រហោងនៅនឹងបាតភ្នែកចូលទៅស្រទាប់បាតភ្នែក និងជញ្ញាំងផ្នែកខាងក្រោយភ្នែក ។
                ក្រៅពីនេះនៅមានជំងឺរបើកបាតភ្នែកដែលកើតឡើងដោយសារមូលហេតុនៃជំងឺផ្នែកភ្នែក
ផ្សេងទៀត ដូចជា ដុះសាច់ក្នុងភ្នែក រលាកភ្នែកខ្លាំង ឬរលាកបាតភ្នែកដែលបណ្តាលមកពីជំងឺ
ទឹកនោមផ្អែម រលាកបាតភ្នែកប្រភេទនេះមិនមានប្រហោងនៅនឹងបាតភ្នែកនោះទេ ដូច្នេះការព្យាបាល
ទើបផ្តោតទៅរកមូលហេតុរបស់ជំងឺជាសំខាន់ ។ 

រោគសញ្ញា
   
          ១. មានឃើញស្រមោលខ្មៅ ឬឃើញផ្ទាំងដែលកើតឡើងមួយពព្រិចភ្នែក ឬបើធ្លាប់ឃើញហើញឃើញកាន់តែខ្លាំងឡើង ។
          ២. មានភ្លើងដូចភ្លើងផ្លែកបន្ទោរកើតឡើងទាំងពេលបើកនិងបិទភ្នែក ។
          ៣. មានស្រមោលដូចវាំននខ្មៅមកបាំង បណ្តាលឱ្យភ្នែកស្រវាំងនិងងងិតនៅទីបំផុត ។

ប្រការគួរចង់ចាំ 

          នៅពេលដែលមានរោគសញ្ញាដូចខាងលើ ទោះបីជារោគសញ្ញាណាមួយក៏ដោយ អ្នកជំងឺគួរត្រូវទៅពិនិត្យជាមួយគ្រូពេទ្យឱ្យបានល្អភ្លាមៗ ដើម្បីឱ្យជាក់ច្បាស់ថាមានស្នាមដាច់
ឬរលាត់នៅបាតភ្នែកឬអត់ ព្រោះថាបើមានហើយមិនបានទទួលការព្យាបាលឱ្យទាន់ពេលនោះ អ្នកជំងឺអាចកើតជំងឺរបើកបាតភ្នែកកម្រិតធ្ងន់ធ្ងររហូតដល់ខ្វាក់ភ្នែកបាន ។ 

ក្រុមអ្នកដែលមានការប្រឈមនឹងជំងឺ

          ជំងឺនេះកើតឡើងចំពោះអ្នកដែលមានម៉្ញូបខ្ពស់ មានប្រវតិ្តការរបើកបាតភ្នែកហើយម្ខាង មានការប៉ះទង្គិចក្រោយពីការបកបាយភ្នែក និងអ្នកដែលមានប្រវតិ្តក្រុមគ្រួសារកើតជំងឺរបើកបាតភ្នែក គឺជាក្រុមមនុស្សដែលមានការប្រឈមខ្ពស់ ដូច្នេះគួរទៅពិនិត្យយ៉ាងលំអិតពីគ្រូពេទ្យជំនាញផ្នែកភ្នែក ជាប្រចាំ ។
ការត្រួតពិនិត្យ និងធ្វើរោគវិនិច្ឆ័យ 

          ជំងឺរបើកបាតភ្នែកមិនអាចពិនិត្យឃើញដោយអាស្រ័យការមើលពីក្រៅបានទេ ប្រសិនបើអ្នកជំងឺណាមួយមានរោគសញ្ញាខាងលើនេះ ឬមានការប្រឈមនឹងជំងឺនេះខ្ពស់ គ្រូពេទ្យ
នឹងពិនិត្យ ធ្វើរោគវិនិច្ឆ័យយ៉ាងហ្មត់ចត់ ដោយប្រើឧបរណ៍វេជ្ជសាស្ត្រសម្រាប់ពិនិត្យបាតភ្នែក Ophthalmoscope ដែលមានពន្លឺនិងការពង្រីកខ្ពស់ ធ្វើឱ្យគ្រូពេទ្យអាចពិនិត្យរកតំណែង
នៃបាតភ្នែកដែលរហែក ឬស្តើងជាងប្រក្រតី ។ ជួនកាលគ្រូពេទ្យត្រូវប្រើឧបរណ៍ពិសេសជួយ
ពិនិត្យវិនិច្ឆ័យ ដូចជា មីក្រូទស្សន៍ (Slit Lamp) រួមជាមួយនិង Contact Lense ពិសេស ព្រមទាំងឧបរកណ៍ពិនិត្យភ្នែកដោយ Ultrasound ជាដើម ។
               
វិធីព្យាបាល 

១. ក្នុងករណីដែលបាតភ្នែកមានការរហែកឬមានប្រហោង តែមិនទាន់រលាត់ចេញមក
គ្រូពេទ្យនឹងពិនិត្យមើលតំណែងនៃជំងឺ ដើម្បីពិចារណាថានឹងជ្រើសរើសវិធីណាមួយ គឺ ៖ 

១.១ ការបាញ់កាំរស្មីឡាស៊ែរ៍ទៅនឹងបាតភ្នែក  (Argon Multiwavelength)
ចក្ខុពេទ្យនឹងបាញ់កាំរស្មីឡាស៊ែរ៍ទៅជុំវិញកន្លែងដែលរហែកឬប្រហោងធ្លុះ ដើម្បីផ្សាភ្ជាប់
ឱ្យណែនទៅនឹងជញ្ជាំងខាងក្រោយកែវភ្នែក ធ្វើឱ្យចាហួយភ្នែកមិនអាចជ្រាបចូលទៅបាតភ្នែក ។
ហើយក្រោយការព្យាបាល​ អ្នកជំងឺអាចត្រលប់ទៅផ្ទះបានភ្លាមដោយមិនចាំបាច់សម្រាកនៅ
មន្ទីរពេទ្យនោះទេ ។

១.២ វិធីព្យាបាលដោយប្រើ Cryoplexy
        គ្រូពេទ្យប្រើឧបករណ៍ដែលមានភាពត្រជាក់ខ្លាំងដុតជញ្ជាំងខាងក្រៅនៃកែវភ្នែកចំបាតភ្នែក
ដែលរហែកឬចំកន្លែងដែលធ្លុះ ភាពត្រជាក់នឹងផ្សាភ្ជាប់ស្នាមរហែកឱ្យជាប់គ្នានឹងជញ្ជាំងផ្នែក
ខាងក្រោយក្នុងកែវភ្នែក ដូចគ្នាទៅនឹងការព្យាបាលដោយបាញ់ឡាស៊ែរ៍ដែរ ។ ក្រោយការព្យាបាល
អ្នកជំងឺអាចត្រលប់ទៅផ្ទះវិញបាន ដោយមិនចាំបាច់សម្រាក់នៅមន្ទីរពេទ្យនោះឡើយ ។

២. ករណីដែលបាតភ្នែករហែកឬមានប្រហោង ហើយបាតភ្នែករបើក រលាត់ចេញមកហើយ
            ចក្ខុពេទ្យនឹងព្យាបាលតាមវិធីសាស្ត្រដូចខាងក្រោមនេះ ៖
២.១ បាញ់បញ្ចូលហ្គាស (Retinopneumoplexy)

                គ្រូពេទ្យនឹងបាញ់បញ្ចូលហ្គាសចូលទៅក្នុងចាហួយភ្នែក ដើម្បីរុញឱ្យបាតភ្នែកត្រឡប់ទៅ
ជាប់ជាមួយនឹងជញ្ជាំងផ្នែកខាងក្រោយនៃកែវភ្នែក រួចហើយបាញ់ឡាស៊ែរ៍ ឬដុតដោយវិធីត្រជាក់
ដើម្បីបិទប្រហោងដែលធ្លុះ ។

២.២  ដេរដោយស៊ីលីកូនទ្រជញ្ជាំងភ្នែកផ្នែកសនិងចងខ្សែស៊ីលីកូនជុំវិញកែវភ្នែក 
(Scleral Buckling)

                គឺជាវិធីវះកាត់ចោះទឹកក្រោមបាតភ្នែកចេញរួចហើយដេរផ្ទាំង Silicone Strap ជុំវិញ
កែវភ្នែក ដើម្បីទ្រឱ្យជញ្ជាំងភ្នែកផ្នែកសស្រកទៅជាប់ជាមួយនឹងប្រហោងធ្លុះនៅបាតភ្នែក ហើយបិទប្រហោងធ្លុះដោយការបាញ់កាំរស្មីឡាស៊ែរ៍ឬដុតដោយវិធីត្រជាក់ ។

២.៣ ការវះកាត់ចាហួយភ្នែក (Vitrectomy)

          គ្រូពេទ្យនឹងកាត់យកចាហួយភ្នែកចេញ ដើម្បីកាត់បន្ថយកំលាំងទាញនៃចាហួយភ្នែកទៅនឹង
បាតភ្នែក ឬដើម្បីបកយកភ្លាសដែលជាប់នឹងបាតភ្នែក ។ ក្រោយពីការវះកាត់គ្រូពេទ្យអាចដាក់
បញ្ចូលហ្គាស (Gas-Fluid Exchange) Silicone oil Perflurocarbon liquid ទុកជំនួស
ចា​ហួយ​​​ភ្នែកជាបណ្តោះអាសន្ន ដើម្បីឱ្យមានកំលាំងរុញនៅបាតភ្នែកឱ្យជាប់ដូចដើមវិញ ។
                ជាង ៨៥ % - ៩០ % នៃអ្នកជំងឺរបើកបាតភ្នែក អាចព្យាបាលឱ្យជាសះស្បើយបាន
ដោយការ​ព្យាបាលតែម្តងប៉ុណ្ណោះ ។ ប៉ុន្តែអ្នកជំងឺខ្លះដែលមានរបើកបាតភ្នែកបែបស្មុគ្រស្មាញ អាចត្រូវមកព្យាបាលច្រើនជាង ១ ដង ។
                សម្រាប់ការដាក់ថ្នាំសណ្តំក្នុងកំឡុងពេលព្យាបាលដោយវិធីវះកាត់ចាហួយភ្នែក និងវិធី
  Scleral Buckling នឹងជ្រើសរើសប្រើវិធីដាក់ថ្នាំសណ្តំឬថ្នាំស្ពឹកបែបចំគោលដៅ អាស្រ័យលើសភាពរបស់អ្នកជំងឺនិងរយៈពេលនៃការវះកាត់ អ្នកជំងឺដែលមានជំងឺរបើកបាតភ្នែកប្រភេទមិនស្មុគ្រស្មាញ អាចត្រឡប់ទៅផ្ទះភ្លាមក្រោយការវះកាត់ បន្ទាប់មកត្រលប់មកពិនិត្យនៅថ្ងៃបន្ទាប់ ប៉ុន្តែអ្នកជំងឺខ្លះតម្រូវឱ្យមានការគេងសម្រាកនៅមន្ទីរពេទ្យ 
-  ៣ ថ្ងៃ តាមសភាពអ្នកជំងឺនិងការព្យាបាលរបស់គ្រូពេទ្យ ។ ក្នុងករណីដែលត្រូវការការមើលថែយ៉ាងជិតស្និទ្ធប្រសិនបើមានការស្មុគ្រស្មាញក្នុងការព្យាបាល ។ ចំណែកឯអ្នកជំងឺដែលត្រូវដាក់បញ្ចូលហ្គាសក្នុចាហួយភ្នែក ត្រូវអង្គុយឬគេងផ្កាប់មុខមួយរយៈរហូតដល់បាតភ្នែកបិទជាប់ណែនឡើងវិញ ។
                អ្នកជំងឺខ្លះដែលមានជំងឺរបើកបាតភ្នែកប្រភេទធ្ងន់ធ្ងរនិងរ៉ាំរ៉ៃ មានភ្នាសសាច់ណែនជាប់នឹងបាតភ្នែកដែលរលាត់ឱ្យរួមចូលគ្នា ។ ករណីនេះគ្រូពេទ្យទំនងជាមិនអាចពន្លាបាតភ្នែកឱ្យត្រលប់មកដូចដើមវិញបានឡើយ ។ អ្នកជំងឺនឹងបាត់បង់គំហើញបន្តិចម្តងៗរហូតដល់ភ្នែកខ្វាក់នៅទីបំផុត ។
                ដូច្នោះហើយ អ្នកជំងឺដែលមានរោគសញ្ញាណាមួយនៃជំងឺរបើកបាតភ្នែក ត្រូវប្រញាប់មកជួបវេជ្ជបណ្ឌិតជំនាញផ្នែកភ្នែកដើម្បីត្រួតពិនិត្យភ្នែក ។ ជាពិសេសការត្រួតពិនិត្យបាតភ្នែកឱ្យបានហ្មត់​ចត់​ ដើម្បីស្វែងរកមូលហេតុការខុសប្រក្រតី ហើយទទួលការព្យាបាលបានទាន់ពេលវេលា ។

ជំងឺចុះខ្សោយបាតភ្នែករបស់មនុស្សជរា

ជំងឺចុះខ្សោយបាតភ្នែករបស់មនុស្សជរា
Age-related Macular Degeneration : AMD
អ្នកដែលមានអាយុលើសពី ៤០ ឆ្នាំគួរទៅត្រួតពិនិត្យយ៉ាងទៀងទាត់ យ៉ាងហោចណាស់ ១ ឆ្នាំម្តង ពីព្រោះថាអ្នកដែលមានវ័យចំណាស់ទោះជាគ្មានជំងឺប្រចាំខ្លួនណាមួយក៏ដោយ ក៏មានឱកាសកើតជំងឺ ចុះខ្សោយបាតភ្នែករបស់មនុស្សជរាបានដែរ ។
ជំងឺខ្សោយឬស្វិតស្រទាប់បាតភ្នែក គឺជាជំងឺដែលកើតចេញពីភាពខុសប្រក្រតីនៅបរិវេណចំណុច
កណ្តា​លការទទួលរូបភាពនៃបាតភ្នែក បណ្តាលឱ្យបាត់បង់គំហើញត្រង់រូបភាព
កណ្តាល ដោយរូបភាពខាងៗនៅអាចមើលឃើញ ជួបប្រទះច្រើនចំពោះមនុស្សដែលមានអាយុលើស
ពី ៦៥ ឆ្នាំ ។ ជំងឺនេះគឺជាជំងឺដែលមិនអាចព្យាបាលឱ្យជាសះស្បើយបាន បណ្តាលឱ្យគំហើញបាត់បង់បន្តិចម្តងៗ អាចធ្វើឱ្យភ្នែកខ្វាក់បានយ៉ាងលឿនក្នុងកំឡុងពេល ២ ឆ្នាំ ។ ប្រសិនបើមិនបានព្យាបាល ហើយបើឃើញថាជំងឺនេះកើតឡើងនៅក្នុងភ្នែកខាងណាមួយហើយ នឹងមានឱកាសប្រឈមខ្ពស់ជាង ៤០ % ដែលនឹងកើតឡើងចំពោះភ្នែកម្ខាងទៀត ក្នុងកំឡុងពេល ៥ ឆ្នាំ ក្រោយពីធ្លាប់កើតក្នុងភ្នែកម្ខាងដំបូងហើយនោះ ។
មូលហេតុនៃជំងឺខ្សោយបាតភ្នែក
កត្តាប្រឈមនៃការកើតជំងឺខ្សោយបាតភ្នែក មានដូចខាងក្រោម ៖
. អាយុ ជួបប្រទះអ្នកដែលមានអាយុច្រើនជាង ៥០ ឆ្នាំឡើងទៅ
. តំណពួជ អ្នកដែលមានប្រវត្តិក្រុមគ្រូសារកើតជំងឺនេះ គួរពិនិត្យបាតភ្នែក ១ ឆ្នាំម្តង ។
. ជនជាតិ និងភេទ ជួបប្រទះជំងឺនេះច្រើនបំផុតចំពោះមនុស្សនៅទ្វីប អឺរ៉ុប អាមេរិក និងភេទស្រីដែលមានអាយុលើសពី ៦០ ឆ្នាំ ។
. អ្នកដែលជក់បារីមានឱកាស់កើតជំងឺនេះ ៤ ដងបើប្រៀបធៀបជាមួយអ្នកអត់ជក់បារី ។
. អ្នកដែលមានបញ្ហាលើសសម្ពាធឈាម ទទួលទានថ្នាំបញ្ចុះសម្ពាធឈាមនិងមានជាតិខ្លាញ់អាក្រក់ក្នុងឈាមខ្ពស់ កម្រិតជាតិ carotenoid ក្នុងឈាមទាប នឹងប្រឈមខ្ពស់ទៅនឹងការកើតជំងឺខ្សោយបាតភ្នែកប្រភេទ Wet AMD
. ស្ត្រីដែលអស់រដូវ ស្រ្តីដែលចូលក្នុងវ័យអស់រដូវហើយមិនបានទទួលទានថ្នាំអ័រម៉ូន Estrogen ច្រើនតែប្រឈមខ្ពស់ទៅនឹងការកើតជំងឺនេះ ។
  ប្រភេទនៃជំងឺខ្សោយបាតភ្នែក
. ប្រភេទស្ងួ( Dry AMD)
        ជំងឺប្រភេទនេះជួបប្រទះច្រើនបំផុត កើតចេញពីការខ្សោយនិងស្វិតនៃបាតភ្នែកដែលទទួលរូបភាពនៃបាតភ្នែក (Macular) ដោយមានការខ្សោយទៅតាមអាយុ រោគសញ្ញាចាប់ផ្តើមនៃជំងឺខ្សោយបាតភ្នែកប្រភេទស្ងួតគឺ គឺមើលឃើញស្រពិល ធ្វើឱ្យមើលមុខមនុស្សមិនច្បាស់ បណ្តាលឱ្យមុខអ្នកផ្សេងមិនបាន ឬត្រូវប្រើពន្លឺច្រើនជាងមុនក្នុងការធ្វើសកម្មភាពអ្វីផ្សេងៗ ឬអ្នកជំងឺខ្លះចាប់ផ្តើមដោយមានភ្នែកស្រវាំង
តិចតួច ប៉ុន្តែពេលយូរទៅ សមត្ថភាពគំហើញនឹងបាត់បង់បន្តិចម្តងៗ និងវិវត្តទៅយ៉ាងយឺតៗ ។
. ប្រភេទ Wet AMD
        ប្រភេទនេះជួបប្រទះប្រហែលជា ១០ % - ១៥ % នៃជំងឺខ្សោយបាតភ្នែកទាំងអស់ ប៉ុន្តែបាត់បង់គំហើយយ៉ាងរហ័ស និងជាមូលហេតុចម្បងនៃភ្នែកខ្វាក់សម្រាប់អ្នកដែលមានបញ្ហាខ្សោយបាតភ្នែក កើតឡើងដោយសារតែមានការដុះសរសៃឈាមថ្មីក្រោមបាតភ្នែក បណ្តាលឱ្យឈាមនិងវត្ថុធាតុរាវខាងក្នុងជ្រាបចេញមក បង្កឱ្យចំណុចកណ្តាលដែលទទួលរូបភាពហើម អ្នកជំងឺចាប់ផ្តើមមើលឃើញរូបភាពវៀច ហើយនៅពេលដែលកោសិកាប្រសាទងាប់ អ្នកជំងឺនឹងបាត់បង់គំហើញនៅទីបំផុត ។ រោគសញ្ញាចាប់ផ្តើមនៃជំងឺខ្សោយបាតភ្នែកប្រភេទនេះ​គឺ ចាប់ផ្តើមមើលឃើញរូបភាពវៀច មើលពណ៌សាបជាងធម្មតា ហើយឃើញមានស្រមោលខ្មៅនៅត្រង់កណ្តាលរូបភាព ។
        អ្នកជំងឺដែលត្រួតពិនិត្យឃើញថាមានលក្ខណៈយ៉ាងណាមួយនៃជំងឺខ្សោយបាតភ្នែក អាចសង្កេតឃើញភាពខុសប្រក្រតីដោយខ្លួនឯង ដោយការប្រើបន្ទះសាកល្បង Amsler Grid ដោយមិនចាំបាច់ដោះវ៉ែនតា ឬ contact lens ចេញនោះទេ ដោយគ្រាន់តែយកផែនសាកល្បងដែលមានពន្លឺគ្រប់គ្រាន់ក្នុងកម្រិតមើលបាន ឈរឃ្លាតឆ្ងាយពីផែនរូបភាពប្រហែលជា ១៤ ធ្នាប់ ប្រើដៃបិទភ្នែកម្ខាងហើយមើលទៅចំណុចពណ៌ខ្មៅនៅត្រង់កណ្តាលផែនសាកល្បងដោយភ្នែកម្ខាងទៀត
ដែលបើក ធ្វើដូចគ្នានេះដែរជាមួយភ្នែកម្តងទៀត ។ ប្រសិនបើមើលឃើញក្រឡាបន្ទាត់លើផែនសាកល្បង មានលក្ខណៈជារលក ក្រងិចក្រងុក ដាច់ចេញពីគ្នា ស្រវាំង ឬកន្លែងខ្លះដាច់បាត់ពីចំណុចដែលឃើញ គួរប្រញាប់ទៅជួបពេទ្យក្នុងកំឡុងពេល ១ សប្តាហ៍ ។ គ្រូពេទ្យនឹងពិនិត្យដោយប្រើឧបករណ៍ Slit Lamp Biomicro scope និងត្រួតពិសេសដោយការចាក់ពណ៌ដើម្បីថតមើលបាតភ្នែក ឬចូលគ្រឿងម៉ាស៊ីនត្រួតវិនិច្ឆ័យរូបភាពបាតភ្នែក ដើម្បីមើលលក្ខណៈនិងភាពខុសប្រក្រតីដែលកើតឡើង ។
វិធីការពារ
. គួរពាក់វ៉ែនតាការពារកំដៅថ្ងៃ និងពាក់មួកសើមៗពេលចេញទៅប៉ះកំដៅថ្ងៃ ។
. គួរទទួលទានបន្លែនិងផ្លែឈើ ជាពិសេសបន្លែស្លឹងពណ៌បៃតងដែលមានសារធាតុ Lutein ច្រើន ដូចជា ខាត់ណា ស្ពៃខ្មៅ ផ្កាខាត់ណា ជាដើម ។
. ឈប់ជក់បារី
. ជៀសវាងការទទួលទានគ្រឿងស្រវឹង
. ជៀសវាងការទទួលទានអាហារប្រភេទសាច់សត្វដែលមានខ្លាញ់និងខ្លាញ់កូឡេស្តេរ៉ុល ។

វិធីការព្យាបាល
        បច្ចុប្បន្ននៅមិនមានវិធីព្យាបាលជំងឺខ្សោយបាតភ្នែកប្រភេទ Dry AMD ឱ្យជាសះស្បើយនោះទេ គ្រាន់តែអាចពន្យាការកើតជំងឺនេះតែប៉ុណ្ណោះ​ គឺត្រូវត្រួតពិនិត្យសុខភាពភ្នែកជាប្រចាំ រួមទាំងគ្រប់គ្រងកត្តាប្រឈមដែលបង្កឱ្យកើតការខ្សោយនៃការទទួលរូបភាពនៃបាតភ្នែក ។ ចំណែកឯការព្យាបាលជំងឺខ្សោយបាតភ្នែកប្រភេទ Wet AMD ធ្វើបានដោយវិធីដូចខាងក្រោមគឺ ៖
. ការបាញ់កាំរស្មីឡាស៊ែរ៍ធ្វើឱ្យមានកំដៅនៅលើបាតភ្នែក (Laser Photocoagulation)
          ដើម្បីពន្យាឬបន្ថយសរសៃឈាមខុសប្រក្រតីដែលដុះចេញក្រោមបាតភ្នែកបាន ចំណែកឯបាតភ្នែកដែលត្រូវពន្លឺឡាស៊ែរ៍ប្រភេទនេះនឹងត្រូវកំដៅបំផ្លាញទៅដែរ បង្កឱ្យមានចំណុចខ្មៅយ៉ាងអចិន្ត្រៃយ៍ គំហើញនឹងចុះខ្សោយបន្ទាប់ពីការព្យាបាល ហើយការព្យាបាលវិធីនេះប្រើបានជាមួយអ្នកជំងឺដែលមានភាពខុសប្រក្រតីនៃជំងឺដែលនៅរាងឆ្ងាយ
ពីចំណុចកណ្តាលបាតភ្នែក ។ 
 
. ការបាញ់កាំរស្មីឡាស៊ែរ៍ដែលមិនបង្កឱ្យមានកំដៅពេលក្រោយ រួមជាមួយនឹងការប្រើថ្នាំចូលសរសៃឈាម Photodynamic Therapy (PDT)
          ដោយចាក់ថ្នាំចូលសរសៃឈាមតាមចរន្តឈាម ហើយចាប់ជាមួយនឹងឡាស៊ែរ៍ដែលមានការបំបែកខ្លួននៅនឹងជញ្ជាំងសរសៃឈាមដែលខុសប្រក្រតីក្រោម
បាតភ្នែក ។ បន្ទាប់ពីនោះទើបបាញ់កាំរស្មីទៅជួយជំរុញឱ្យថ្នាំទៅបំផ្លាញសរសៃឈាមដែលខុសប្រក្រតី ដោយមិនមានផលប៉ះពាល់ជាមួយនឹងបាតភ្នែកត្រង់បរិវេណនោះ ។ អ្នកជំងឺអាចមើលឃើញដូចមុនបាញ់កាំរស្មីឡាស៊ែរ៍ ចំពោះអ្នកដែលមានរោគសញ្ញាមិនខ្លាំង គំហើញដែលថយចុះមុនការព្យាបាលអាចត្រលប់មកវិញប្រហាក់ប្រហែលទៅនឹងប្រក្រតីបាន ។
. ការចាក់ថ្នាំប្រភេទ Anti-Vascular Endothelial Growth Factor (Anti-VEGF) ចូលទៅក្នុងចាហួយភ្នែកដើម្បីធ្វើសរសៃឈាមដែលដុះថ្មីស្វិតទៅវិញ ត្រូវចាក់យ៉ាងហោចណាស់ ៣ ដង រាល់ ១ខែម្តង ហើយអាចត្រូវចាក់រាល់ ២ - ៣ ខែក្នុងរយៈពេលបន្ទាប់មក ។
. ការវះកាត់ ធ្វើក្នុងករណីដែលមានឈាមចេញក្រោមចំណុចកណ្តាលទទួលភាព ដោយការចាក់ថ្នាំចូលទៅដើម្បីធ្វើឱ្យឈាមដែលរឹងរលាយទៅវិញ និងចាក់បញ្ចូលហ្គាសចូលទៅដេញឈាមឱ្យចេញពីចំណុចកណ្តាលទទួលរូបភាព ។

សូមអរគុណពត៌មានពីមន្ទីរពេទ្យចក្សុរត្តនិន ទីក្រុងបាងកក