មនុស្សគ្រប់គ្នាតែងគិតថាការហាត់ប្រាណជារឿងសំខាន់ វាមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពទាំងផ្លូវកាយនិងផ្លូវចិត្តរបស់យើង
។ ពិតប្រាកដណាស់ នៅពេលដែលខ្ញុំគិតថានឹងទៅរត់នៅសួនច្បារក្រោយផ្ទះនោះ តែងតែមានបញ្ហាជានិច្ចដែលធ្វើឱ្យខ្ញុំមិនបានទៅហាត់ប្រាណ
មិនបានទៅរត់ម្តងណាឡើយ ។ ជួនកាលខ្ញុំធ្លាប់គិតថា នឹងទៅស្ម័គ្រនៅកន្លែងហាត់ប្រាណដែលអស់លុយ
ដើម្បីជាហេតុបង្ខំខ្លួនឯងឱ្យត្រូវតែទៅ ប៉ុន្តែគិតទៅគិតមក ដូចជាអស់លុយ
ហើយគង់មិនបានទៅដដែល ។ ការគិតហាត់ប្រាណឱ្យបានទៀងទាត់នោះ តាំងតែអាយុជាងម្ភៃ ឥឡូវចូលដល់លេខបី
ជិតលេខបួនហើយ ទើបភ្ញាក់ខ្លួនថា សុខភាពរាងកាយយើងនោះវាជាយ៉ាងណា ????
អ្វីដែលធ្វើឱ្យខ្ញុំផ្លាស់ប្តូរនិស្ស័យពីការខកខានមិនបានហាត់ប្រាណប្រចាំនោះគឺ នៅពេលណាដែលខ្ញុំគិតថាចង់ទៅហាត់ប្រាណ
គឺត្រូវពាក់អាវស្លៀកខោ ពាក់ស្បែកជើងទៅតែម្តង គ្រាន់តែពាក់អាវភ្លាមវាធ្វើឱ្យយើងទៅតែម្តង
មិនបាចគិតនិយាយច្រើន ដំអក់នៅនឹងបន្ទប់ជាតិនេះគង់មិនបានទៅនោះទេ ។
ការសម្រេចចិត្តធ្វើភ្លាមៗ នូវអ្វីដែលយើងបានគិត មិនថារឿងនោះតូចឬធំនៅទេ រឿងផ្សេងៗដែលយើងជួបប្រទះនៅជុំវិញខ្លួនយើង
មិនថាការអានសៀវភៅ ឬការចង់វិនិយោគផ្សេងៗ បើគិតហើយគឺត្រូវធ្វើភ្លាមតែម្តង កុំទុកឱ្យរំលងយូរថ្ងៃអី
ព្រោះថា ជួនកាលគំនិតល្អៗរបស់យើងនឹងមិនបានអនុវត្តឡើយ បើរវល់តែគិត ហើយមិនបានធ្វើនោះ
។ វាជារឿងសំខាន់ណាស់គឺការអនុវត្តធ្វើភ្លាមៗ បើទោះបីជាលទ្ធផលចេញមកជាយ៉ាងណាក្តី
ត្រូវអនុវត្តធ្វើហើយកែខៃនូវកំហុសឆ្គងដែលអាចកើតមានកំឡុងពេលអនុវត្តជាក់ស្តែង ។
ពិតណាស់ជីវិតយើងមានរឿងរ៉ាវជាច្រើនដែលយើងចង់ធ្វើ
ប៉ុន្តែហាក់បីដូចជាយើងមិនមានពេលធ្វើវាគ្រប់គ្រាន់នោះឡើយ នេះក៏ដោយសារការប្រចាំរបស់យើង
ពីមួយថ្ងៃទៅមួយថ្ងៃ គិតតែធ្វើប៉ុន្តែមិនបានអនុវត្តផ្ទាល់នោះឯង ។
ដើម្បីភាពជោគជ័យនោះការអនុវត្តជាក់ស្តែងជារឿងចាំបាច់បំផុត ។