ក្រកិច្ចក្រកល ក្រដឹងក្រយល់ ក្រវៃឆ្នៃទាស់
ទាំង ៥ នេះសុទ្ធ តែក្រទាំងអស់ ប្រាជ្ញាស្រួចស្រស់
ទើបក្រឃ្លាតបាន ។
ខ្វះការអប់រំ រមែងច្រឡំ ខ្លះ ៗ ពុំខាន
បើលុះតែខំ អប់រំឲ្យមាន ការថ្នឹកទើបបាន
រួចផុតចាកក្រ ។
កុំយល់ថាងាយ ទោះការសម្ទាយ សុទ្ធតែកម្រ
លុះតែ បានរៀន បានស្ដាប់ត
ៗ ទើបបានជាក្រ
ក្លាយជាងាយខ្លះ ។
ទោះកិច្ចតូចទេ ខ្វះការរិះរេ ធ្វើទៅតែងខ្វះ
ទោះធ្វើទៅកើត ក៏មិនស្អាតជ្រះ ព្រោះពាក្យថាខ្វះ
ផ្ទុយនឹងគ្រប់គ្រាន់ ។
ចំណែកខាងកល ឧបាយក្រយល់ ក៏ច្រើនតែភ័ន្ត
ជួនកាលគំនិត វង្វេងវង្វាន់ ជួនកាលស្លោស្លន់
យល់ខុសទទេ ។
បើប្រើតាមកល ដែលគិតពុំយល់ ខ្វះការរិះរេ
ចេះតែស្មាន ៗ បំពានធ្វេសទ្វេ ឬតាមតែគេ
នាំខុសជាត្រូវ ។
រីឯការដឹង បើគ្មានដំណឹង ក៏ឥតមានផ្លូវ
ណាប្រាប់ឲ្យដឹង មិងមាំងស្រខូវ ការខុសឬត្រូវ
ក៏ឥតបានដឹង ។
ការដឹងក៏ក្រ បើគ្មានតំណ តជាដំណឹង
ឥតមានគំនិត ងងឹតសូន្យឈឹង ហេតុនោះការដឹង ប្រាប់ថាពុំយល់ ។
ចំណែកខាងយល់ ជាការអំពល់ មួយដ៏កម្រ
បើគ្រាន់តែដឹង ដោយឮត
ៗ ប៉ុន្តែខ្លួនស
ប្រាប់ថាពុំយល់ ។
ដូចគេសួរថា តើអ្នករាល់គ្នា យល់ឬពុំយល់
រឿងដែលខ្លួនដឹង ដំណឹងសល់វ៉ល់ ខ្លួនថាពុំយល់
ខ្ញុំគ្រាន់តែដឹង ។
ហេតុនេះការយល់ លុះតែអំពល់ គិតពេញទំហឹង
បើឥតគំនិត រិះរេជញ្ជឹង ក៏គ្រាន់តែដឹង
កម្របានយល់ ។
ឯវៃច្នៃទាស់ ក្រជាងទាំងអស់ ព្រោះច្រើនកើលកល
នៅគាំងជ្រងោ ដោយគិតមិនដល់ ក៏នៅស្រងល់
ដោះស្រាយពុំរួច ។
នៅពេលជំនុំ ឬគេមកជុំ គេតាំងផ្ដើមផ្ដួច
គេសួរបញ្ហា ណាមួយក្របួច ឯងឆ្លើយពុំរួច
នៅធ្មឹងតែម្ដង ។
បើមានប្រាជ្ញា រហ័សក្លៀវក្លា គំនិតហ្មត់ហ្មង
ឆ្លើយបានភ្លាមភ្លែត ត្រដែតកន្លង អ្នកសួរឥតសង
សួរសបវិញទៀត ។
ហេតុនោះបានជា ចាស់លោកពោលថា ការណ៍នេះចង្អៀត
កម្រមានអ្នក ឈ្លាសវៃឆ្លាក់ឆ្លៀត គេសួរថែមទៀត
ពុំអាចឆ្លើយឆ្លង ។
បើរឿងនោះធំ អាចនឹងរលំ ខូចការតែម្ដង
ហេតុនោះបានជា ព្រឹទ្ធាចារ្យផង អ្នកចេះហ្មត់ហ្មង
ពោលទុកថាក្រ ។
ក្រវៃច្នៃទាស់ លើសក្រទាំងអស់ ហៅពេញជាក្រ
លុះតែរៀនគិត ឲ្យបានល្អិតល្អ នោះទើបក្ដីក្រ
នេះឃ្លាតចេញឆ្ងាយ
។
ព្រះរាជនិពន្ធន៍
នៃសម្ដេចព្រះសង្ឃរាជ ជួន-ណាត