Friday, May 1, 2020

សារៈសំខាន់នៃការសន្សំប្រាក់





ថ្ងៃទិវាពលកម្មអន្តរជាតិដែលជាថ្ងៃឈប់សម្រាករបស់ពលករ
កម្មករនិយោជិត នៅគ្រប់មជ្ឈដ្ឋានទាំងអស់ ។ ថ្ងៃនេះដើម្បីជាទស្សនៈមតិ ឬជាការក្រើនរំលឹកផ្ទាល់ខ្លួនរបស់យើងដែលជាពលករចំណាកស្រុក ។
ពិតណាស់ការធ្វើការដើម្បីប្រាក់ខែដែលយើងតែងតែបានក្នុងបំណាច់ខែ ឬចុងខែម្តងៗវាហាក់ដូចជាអ្វីដែលយើងរងចាំជាយូរអញ្ជឹង ហាសហា ប៉ុន្តែអ្វីដែលគួរអនិច្ចានោះគឺថាប្រាក់ខែយើងវានៅអត់ដល់ចុងខែទេ គឺថាបើកមកបានពីរបីថ្ងៃមិនទាន់ផង ស្រាប់តែបាត់ដោយមិនដឹងខ្លួន ។ មានជាច្រើនខែដែលយើងមិនអាចចាយគ្រប់គ្រាន់បើវាអាស្រ័យប្រាក់ខែ
តែមួយមុខនោះ ។ ដូច្នេះហើយវាទាមទារឱ្យយើងធ្វើការកាន់តែច្រើនឡើង ឬមានវិន័យរឿងលុយកាក់ឱ្យបានច្រើនជាងមុន ។
អ្វីដែលសំខាន់ទៀតនោះគឺថាប្រាក់ខែយើងវាមិនគ្រប់ទៅនឹងការចាយវាយ
ប្រចាំថ្ងៃរបស់យើងដោយសារតែអត្រាអតិផរណាកាន់តែកើនឡើងទៀតផង ។

ដូច្នេះហើយថ្ងៃនេះយើងចង់គិតឡើងវិញពីវិន័យរឿងលុយកាក់នេះឱ្យបាន
ដឹតដល់ជាងមុន ។ ហើយប្រសិនបើយើងនិយាយពីការសន្សំលុយវិញ 
នោះគឺកាន់តែពិបាក មិនថាអ្នកមានចំណូលតិចឬមានចំណូលច្រើននោះទេ ។ ប៉ុន្តែអ្វីដែលសំខាន់គឺវិន័យក្នុងការសន្សំមិនថាសន្សំនៅកន្លែងណាឬវិធីណានោះទេ តែអ្វីដែលសំខាន់គឺត្រូវសន្សំទុកជាទៀងទាត់ មានបា្រក់ចំណូលតិចសន្សំតិច បានប្រាក់ចំណូលច្រើនសន្សំច្រើន ។

វិធីដែលត្រូវគ្រប់គ្រងចំណូលដោយការសន្សំនេះគឺដើម្បីត្រៀមទុកពេលយើង
ជួបហេតុការណ៍ណាមួយដែលមិនបានរំពឹងទុក ហើយដើម្បីការប្រើប្រាស់ជីវិតរបស់យើងដោយមិនលំបាកទៀតផង ដោយវិធីគ្រប់គ្រងប្រាក់ចំណូលនិងការសន្សំមូលដ្ឋានងាយៗ ដូចខាងក្រោម ​៖

១. ជំហានដំបូងចាប់ផ្តើមពី “ផ្នត់គំនិត” ព្រមទាំងការអនុវត្តជាក់ស្តែង
ពិតណាស់ផ្នត់គំនិត ទស្សនគតិចំពោះរឿងលុយនេះសំខាន់ណាស់ ដោយសារតែមនុស្សមួយចំនួនគិតថាលុយជារឿងអាក្រក់ អ្នកមានលុយ
 មិនល្អអីជាដើម ឬគិតថាលុយមិនសំខាន់ជាដើម តាមអ្វីដែលជួបប្រទះ ឬតាមអ្វីដែលយើងបានរៀនតាមគ្នាមក ។ រឿងទាំងនេះវាធ្វើឱ្យយើងមិនបានគិតពីការសន្សំលុយ សន្សំប្រាក់
ចំណូលរបស់យើង មានមនុស្សមួយចំនួនដាក់ផែនការការសន្សំធំពេក រហូតទៅមិនដល់ក៏និយាយថាខ្លួនមិនមានលុយច្រើនដូចគេ ។ តាមពិតទៅយើងមានតិចសន្សំតិច មានច្រើនក៏សន្សំច្រើនទៅ តែហាមដាច់ខាតគឺមិនបានសន្សំ ។ យើងមិនចាំបាច់មានប្រាក់ច្រើន
ហើយចាំសន្សំនោះទេ គឺចាប់ផ្តើមបន្តិចម្តងៗហើយត្រូវធ្វើ
ជាទៀតទាត់ទៀតផង ។ ចំពោះវិធីការសន្សំនោះគឺថាយើងអាច
សន្សំបែបណាក៏បានដែរ តាមអ្វីដែលយើងមានមិនថា
គណនេយធនាគារ ឬក៏កូនជ្រួកនៅផ្ទះក៏បាន​ ។ 


២. ប្រាក់ចំណូល និងប្រាក់ចំណាយ
យើងត្រូវដឹងពីប្រាក់ចំណូលជាទៀតទាត់របស់យើង និងប្រាក់
ចំណាយផងដែរ ត្រូវកត់ចំណាំធ្វើបញ្ជីសម្រាប់ទាំងចំណូលនិងចំណាយ ដើម្បីឱ្យយើងដឹងច្បាស់ពីការចំណាយរបស់យើង ប្រសិនបើយើងចាយច្រើនជាងចំណូលឬទៅខ្ចីបុលគេដែលនាំឱ្យ
មានការបង់ការប្រាក់ថែមទៀតនោះ កាន់តែពិបាកថែមទៀត ។  សម្រាប់បងប្អូនដែលជាកម្មករនិយោជិតនោះ គឺថាយើងត្រូវស្វែងយល់ប្រាក់ចំណាយដែលចំបាច់និងមិនចាំបាច់ ព្រមទាំងប្រសិនបើវាមិនចាំបាច់គួរកាត់បន្ថយផងដែរ ដើម្បីទុកឱ្យមាន
ការសន្សំបន្ថែមទៀត ។ ហើយដើម្បីឱ្យបានប្រាក់ចំណូលកាន់តែ
ច្រើនឡើងនោះ យើងគួរអភិវឌ្ឍន៍ខ្លួនឯងជានិច្ចជាកាល ត្រូវស្វែងរក
ចំណេះដឹង និងការប្រកបអាជីពបន្ថែម ជាពិសេសពេលបច្ចុប្បន្នដែល
យើងអាចស្វែងរកចំណេះដឹងថ្មីៗបានដោយងាយ ដោយការអាន 
ឬស្តាប់តាម ហ្វេសប៊ុក ឬយូធូប ជាដើម ។

៣. ការវិនិយោគ
ប្រាក់កាស ឬលុយដែលយើងសន្សំទុកនោះគឺមានគោលដៅរបស់វា 
គឺយើងចាត់ទុកជាផ្នែក មួយផ្នែកគឺសម្រាប់ប្រើពេលចាំបាច់ មួយផ្នែកសម្រាប់ប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ ហើយមួយផ្នែកដែលសំខាន់
បំផុតនោះគឺថា​ យើងត្រូវយកទៅវិនិយោគ ឬចុះទុនធ្វើអ្វីមួយដែលអាច
បង្កើតជាប្រាក់កម្រៃ ឬចំណូលសម្រាប់ជីវិតយើងនៅពេលថ្ងៃអនាគត​ ។ យើងអាចវិនិយោគទៅលើអ្វីក៏ដោយដែលយើងមានចំណេះដឹងពិតប្រាកដ
ពីវា ហើយពិសេសទៅទៀតនោះមុននឹងវិនិយោគ រកស៊ីអ្វីមួយត្រូវគិត ត្រូវសិក្សាឱ្យបានច្បាស់លាស់ ជៀសវាងការចាញ់បោកគេ ដែលជាហេតុធ្វើឱ្យយើងបាត់បង់ប្រាក់សន្សំនេះ ។

ការរកស៊ីតែងមានហានិភ័យ ដើម្បីបង្កាហានិភ័យបាននោះ
យើងត្រូវស្វែងយល់ឱ្យបានច្បាស់ពីអ្វីដែលយើងត្រូវធ្វើ ។

ការសន្សំបលុយនោះមានសារសំខាន់ដូចដែលបានពោលមកនេះ ដោយសរុបទៅការសន្សំលុយឱ្យបានកាន់តែកើនឡើង យើងត្រូវចាប់ផ្តើមដោយការផ្លាស់ប្តូរផ្នត់គំនិត ចាប់ផ្តើមអនុវត្ត ទម្លាប់ការសន្សំ ត្រូវដឹងពីចំណូលនិងចំណាយឱ្យបានច្បាស់លាស់ មិនតែប៉ុណ្ណោះគឺត្រូវសិក្សាស្វែងយល់ពីចំណេះដឹងថ្មីៗ សម្រាប់បង្កើតអាជីពបន្ថែមដើម្បីយកលុយមួយផ្នែកនៃការសន្សំទៅ
វិនិយោគរកស៊ីឱ្យបានកាន់តែប្រសើរឡើងក្នុងជីវិតដែល
ជាកម្មករនិយោជិតឆ្លងដែនរបស់យើង ។